សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឪពុកម្តាយណាក៏ដោយតែងតែព្រួយបារម្ភ ចំពោះកូនដែលការប្រឡងចង់ឱ្យកូនជាប់ ហើយជួយបោះប្រ៊ុយយ៉ុងជួយកូនឱ្យប្រឡងជាប់នោះ គ្មាននិរន្តរភាពនោះទេ ផ្ទុយទៅវិញធ្វើឱ្យកូនគ្មានទំនុកចិត្ត លើកខ្លួនឯងទៅវិញ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលសម័យខ្ញុំប្រឡងប៊ីសចំមួយដំថ្មដែលគប់ចង់ជាប់ ជាមួយប្រ៊ុយយ៉ុងចូលតាមប្រឡោះបង្អួច អ្វីដែលខ្ញុំនិយាយបែបនេះគឺថាការចង់ជួយកូនចៅ របស់ខ្លួនឱ្យជាប់គឺជាឧបសគ្គមួយ ពិតមែនគាត់រួចមួយតង់ តែគាត់ត្រូវប្រឡូកការងារបន្តទៀត។ អីចឹងការជួយបែបនេះគ្មាននិរន្តរភាព ហើយមិនបានត្រៀមលក្ខខណៈឱ្យកូនចៅត្រៀមខ្លួនឯងដែរ។
សម្តេចធិបតី បានបន្តថា ឪពុកម្តាយមិនអាចទៅដឹកដៃកូនរហូតនោះទេ នៅពេល យើងមានចំណេះហើយត្រូវបង្កើតឱ្យមានភាពជឿជាក់លើខ្លួនឯង។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រឡងបាក់ឌុបគឺ ជាការវាស់ស្ទង់សមត្ថភាពមួយនិងជាការបង្កើតសមត្ថភាព និងការទុកចិត្តលើខ្លួន។
សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ឪពុកមិនអាចទឹពឹងឱ្យកូនប្រឡងជាប់ ឬធ្លាក់នោះទេ តែឪពុកម្តាយអាចជំរុញឱ្យកូនខំរៀនដើម្បីទទួលបាននិន្ទេសល្អផ្អែកលើសមត្ថភាពខ្លួន ៕