កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ
ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៥.៥៩លាននាក់ មានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។
បើតាមឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល ១១ខែ) ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ជើង) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល គូសបញ្ជាក់ថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (AITA) វាយតម្លៃថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅឆ្នាំ២០២៤នេះ អាចសម្រេចប្រហែល៦៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដរាតត្បាត ហើយថា កម្ពុជានឹងសម្រេចបានកំណើនអ្នកដំណើរស្មើនឹងមុនកូវីដ១៩ នៅឆ្នាំ២០២៦ខាងមុខ៕