បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo
សេអ៊ូល៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ គណបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានគំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី លោក Han Duck-soo ប្រសិនបើលោក មិនព្រមប្រកាសចូលជាធរមាន នូវច្បាប់មួយដើម្បីបើកការស៉ើបអង្កេតពិសេស លើប្រធានាធិបតី លោក Yoon Suk-yeol ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Han ដែលជានាយករដ្ឋមន្រ្តី បានឡើងកាន់តួនាទីជា ប្រធានាធិបតីស្តីទី ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ។ នាពេលនេះ តុលាការធម្មនុញ្ញ កំពុងពិចារណាថា គួរឬមិនគួរដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ដោយកាន់កាប់អាសនៈភាគច្រើន នៅសភា បក្សប្រឆាំង Democratic Party ក្នុងខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយ សំដៅតែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីបើកការស៉ើបអង្កេត ពាក់ព័ន្ធបទចោទប្រកាន់បះបោរ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ប្រឆាំងលោក Yoon ហើយក៏ស៉ើបផងដែរ ទៅលើភរិយារបស់លោក ជុំវិញរឿងអាស្រូវកាបូបប្រណីតតម្លៃថ្លៃ និងរឿងអាស្រូវដទៃទៀត។
គួរបញ្ជាក់ថា គណបក្ស Democratic Party ដែលបានចោទថា លោក Han បានជួយលោក Yoon ក្នុងការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក បានគំរាមថា ខ្លួននឹងចាប់ផ្តើមភ្លាមៗនូវនីតិវិធីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទីរូបនេះ ប្រសិនបើច្បាប់ ដែលសំដៅបើកការស៉ើបអង្កេតពិសេសលើលោក Yoon មិនត្រូវបានប្រកាសចូលជាធរមានផ្លូវការ នៅត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ទេនោះ។ កន្លងមក លោក Han ធ្លាប់បាននិយាយថា រូបលោកបានព្យាយាម រារាំងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ប៉ុន្តែបានសុំទោស ដែលមិនអាចទប់ស្កាត់បាន៕