ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ស.ផ.ក បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត” ដោយក្នុងនោះមានការចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងតំណាងស្នងការនគរបាលរាជធានី ខេត្តទាំង១៦ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពង់ចាម ព្រះសីហនុ កោះកុង កំពត បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ កំពង់ធំ និងខេត្តកែប ប្រមាណជា៥០រូប។
កិច្ចប្រជុំពិភាក្សាខាងលើ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានោះ ក្រុមការងារ ស.ផ.ក បានធ្វើបទបង្ហាញស្ដីពីការជំរុញផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញមកប្រភេទដឹកអ្នកដំណើរ ឬដោយកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ ជូនដល់អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ ៕