ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដើម្បីប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤ ដូចខាងក្រោម៖
១-ការចុះសិក្សាស្រាវជ្រាវ ការប្រមូល ចងក្រង និងសិក្សាលើទិន្នន័យនិងឯកសារព័ត៌មានពាក់ព័ន្ធចាំបាច់មួយចំនួន ដើម្បីរៀបចំជាគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
២-ការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ អង្គការ សមាគមនានា ដែលធ្វើការងារពាក់ព័ន្ធជនជាតិដើមភាគតិច អំពីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
៣-ការរៀបចំទិសដៅការងារ និងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងនៅដើមឆ្នាំក្រោយ ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
៤-ការរៀបចំយន្តការការងារ និងយន្តការសហការជាមួយ UNDP និង ដៃគូដ៏ទៃទៀត ពាក់ព័ន្ធការងារដោះស្រាយវិវាទជូនប្រជាពលរដ្ខនៅតំបន់ជនជាតិដើមភាគតិចនិងតំបន់ដាច់ស្រយាល ៕