ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យការបើកវគ្គបណ្តុះបណ្តាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មានប្រសាសន៍លើកឡើងខណៈអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបន្តថាទិន្នន័យទាំងអស់នេះមានសារៈសំខាន់ក្នុងការប្រើប្រាស់ និងគ្រប់គ្រង។
ក្នុងនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានតណែនាំដល់មន្ត្រីចំណុះនាយកដ្ឋានទាំងអស់ដូចខាងក្រោម៖
ទី១-ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិបំពេញតួនាទីភារកិច្ចដោយទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
ទី២-ការគ្រងឯកសណ្ឋានក្នុងនាមជាមន្ត្រីនគរបាលជាតិ ជាពិសេសពាក់ព័ន្ធនិងការបង្ហោះរូបភាពទៅកាន់បណ្តាញសង្គមនានាត្រូវធ្វើការពិចារណាឲ្យបានត្រឹមត្រូវ រាល់កំហុសដែលអាចធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់នគរបាលជាតិ។
ទី៣-ត្រូវមានសីលធម៌ និងអាកប្បកិរិយាសមរម្យ ការប្រើប្រាស់ពាក្យសម្តីទៅលើប្រជាពលរដ្ឋក៏ដូចជាមន្ត្រីក្នុងអង្គភាពត្រូវតែទន់ភ្លន់និងម៉ឺងម៉ាត់។
ទី៤-ការប្រើប្រាស់ស្លាកលេខរថយន្តនគរបាលឲ្យបានត្រឹមត្រូវចៀសវាងមានការប្រើប្រាស់មិនត្រូវតាមគោលដៅបម្រើឲ្យអង្គភាពមន្ត្រីនគរបាលជាតិ។
ទី៥-បន្តផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទពីរបៀបរបបកិច្ចប្រជុំប្រចាំខែតាមការិយាល័យជំនាញនីមួយៗ។ រីឯការងារគ្រប់គ្រងឯកសារការិយាល័យរដ្ឋបាល នៃនាយកដ្ឋាន ជាពិសេសការអនុវត្តចំណាររបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ រាល់ឯកសារចូលទៅតាមការិយាល័យជំនាញបានទទួល និងក្នុងនាមនាយកដ្ឋានបានឆ្លើយតបទៅតាមចំណារបែបណា ៕