អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣
វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានរិះគន់តុលាការយោធាប៉ាគីស្ថាន កាលពីថ្ងៃចន្ទទី២៣ធ្នូ ជុំវិញការកាត់ទោសជនស៊ីវិល ២៥នាក់ ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣ បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ែន ខាន់ ដែលជាប់ពន្ធនាគារ។
ជនស៊ីវិលត្រូវបានកាត់ទោសដោយតុលាការយោធាប៉ាគីស្ថាន ពី២ទៅ១០ឆ្នាំនៅក្នុងសេចក្ដីសម្រេចដែលបញ្ជាក់ពីការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្ររបស់លោក ខាន់ ដែលថាតុលាការយោធានឹងដើរតួនាទីធំជាងនៅក្នុងករណីទាក់ទងនឹងអតីតមេដឹកនាំ។ ក្រសួងការបរទេសអាម៉េរិក អះអាងថា រដ្ឋធានីវ៉ាស៊ីនតោនបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដែលជនស៊ីវិលប៉ាគីស្ថានត្រូវបានកាត់ទោសដោយតុលាការយោធា សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះ ការិយាល័យបរទេសរបស់រដ្ឋាភិបាលអង់គ្លេសបន្ថែមថា៖«ការកាត់ទោសជនស៊ីវិលនៅក្នុងតុលាការយោធា ខ្វះតម្លាភាព ខ្វះការត្រួតពិនិត្យឯករាជ្យ និងធ្វើឱ្យខូចសិទ្ធិក្នុងការកាត់ក្ដីដោយយុត្តិធម៌»។
លើសពីនេះ សហភាពអឺរ៉ុប បានចោទប្រកាន់ថា ការកាត់ទោសនេះ គឺមិនស្របនឹងកាតព្វកិច្ចដែលប៉ាគីស្ថានបានអនុវត្តក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ។
អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ខាន់ បានវាយប្រហារទីតាំងយោធាដើម្បីតវ៉ាការចាប់ខ្លួនលោក ខាន់ ដោយទាហានប៉ារ៉ា ខណៈលោក ខាន់ ត្រូវបានចោទប្រកាន់ដោយតុលាការប្រឆាំងអំពើភេរវកម្ម។ បន្ទាប់ពីការចាប់ខ្លួនរបស់លោកនៅក្នុងខែឧសភា ឆ្នាំ២០២៣ លោក ខាន់ ត្រូវបានដោះលែងមួយរយៈខ្លី មុនពេលត្រូវបានចាប់ខ្លួនម្ដងទៀតនៅក្នុងខែសីហាឆ្នាំនោះ ហើយលោកបានជាប់គុកចាប់តាំងពីពេលនោះមក។
លោកបានប្រឈមមុខនឹងករណីជាច្រើន ចាប់តាំងពីលោកត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ បន្ទាប់មកលោកបានចាប់ផ្តើមចលនាតវ៉ាប្រឆាំងនឹងក្រុមចម្រុះនៃគូប្រជែងរបស់លោក ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក សេបាស ហ្សារីហ្វ (Shehbaz Sharif)។
សូមរំឭកថា លោក ខាន់ បានប្រតិកម្មថា ករណីដក សិទ្ធិ លោក មិន ឱ្យ ចូល រួម ការ បោះ ឆ្នោត ឆ្នាំ២០២៤ គឺ ជា រឿង នយោបាយ។ មែនទែនទៅ លោកមានជម្លោះជាមួយយោធាប៉ាគីស្ថាន ដោយលោកបានស្តីបន្ទោសចំពោះការបណ្តេញលោកចេញពីតំណែង។ ជុំវិញបញ្ហានេះ ក្រុម ការងារ សិទ្ធិ មនុស្ស របស់ អង្គការ សហ ប្រជាជាតិ បានលើកឡើង ថា ការ ឃុំ ខ្លួន លោក ខាន់ រំលោភ ច្បាប់ អន្តរជាតិ ប៉ុន្តែរបបយោធាបដិសេធការជ្រៀតជ្រែកផ្នែកនយោបាយ៕