អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” នៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
ទន្ទឹមនឹងនោះក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥ខាងមុខនេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅតាមទីកន្លែងរៀបចំពិធីឆ្លងឆ្នាំ និងរមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ដោយកំណត់មុខសញ្ញាផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់មិនឱ្យកើតមាន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយជនទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព ៕