សមាជិកក្រុមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ កំពុងត្រៀមជើងព្រួលស្វែងរកច្រកសម្រាប់អាមេរិក ដើរចេញពីអង្គការសុខភាពពិភពលោក
វ៉ាស៊ីនតោន៖ សមាជិកនៃក្រុមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ កំពុងត្រៀមជើងព្រួលស្វែងរកច្រកសម្រាប់សហរដ្ឋអាម៉េរិក ក្នុងការដកខ្លួនដើរចេញពីអង្គការសុខភាពពិភពលោក នៅថ្ងៃដំបូងនៃការចូលកាន់តំណែងអាណត្តិប្រធានាធិបតីអាម៉េរិក ជាលើកទីពីររបស់លោក ត្រាំ។ នេះបើយោងតាមអ្នកជំនាញច្បាប់សុខភាពដឹងអំពីកិច្ចពិភាក្សានេះ។
លោក ឡរ៉ែន ហ្កោស្ទីន (Lawrence Gostin) សាស្ត្រាចារ្យផ្នែកសុខភាពសកលនៅសកលវិទ្យាល័យចចថោន(Georgetown) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងជានាយកមជ្ឈមណ្ឌលសហការរបស់អង្គការសុខភាពពិភពលោក ស្តីពីសុខភាពជាតិ និងសកលលោកបានអះអាងថា៖«ខ្ញុំច្បាស់ក្នុងចិត្តថា លោក ត្រាំ ត្រៀមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ប្រហែលជានៅថ្ងៃទីមួយ ឬឆាប់បំផុតក្នុងការគ្រប់គ្រងរដ្ឋបាលអាម៉េរិកថ្មីរបស់លោក»។
មែនទែនទៅ ផែនការនេះ គឺស្របតាមការរិះគន់ជាយូរមកហើយរបស់លោក ត្រាំ លើអង្គការសុខភាពពិភពលោក និងបង្ហាញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយសុខភាពពិភពលោករបស់សហរដ្ឋអាម៉េរិក។ ការណ៍នេះនឹងធ្វើឱ្យរដ្ឋធានីវ៉ាស៊ីនតោន នៅដាច់ដោយឡែកពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផ្សេងៗ។
សូមរំឭកថា លោក ត្រាំ បានតែងតាំងអ្នករិះគន់អង្គការសុខភាពពិភពលោកឱ្យកាន់តំណែងកំពូលផ្នែកសុខភាពសាធារណៈរួមទាំង លោក រ៉ូប៊ឺត អេហ្វខេនេឌី ជេអរ (Robert F. Kennedy Jr.)។ តាមពិតទៅ លោក ត្រាំ បានផ្តួចផ្តើមគំនិតដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២០ ដោយសារតែមិនមានទំនួលខុសត្រូវចំពោះប្រទេសចិន ជុំវិញការរីករាលដាលដំបូងនៃជំងឺកូវីដ-១៩។ យ៉ាងណា គ្រោងការណ៍នេះត្រូវបានបរាជ័យ។