ឯកឧត្តម អ៊ុត សំអន អរគុណចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ទទួលបានលទ្ធផលល្អប្រសើរ និងផ្ដល់ភាពសុខសាន្ដ ដល់ពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្ត អានរបាយការណ៍បូកសម្រាប់លទ្ធផលការចាប់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍សំណេះសំណាលដោយថ្លែងអំណគុណ ចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងអ្នកចូលរួមសហការ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរបំផុត នាពេលកន្លងមក ធ្វើឲ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ ផ្ដល់ភាពសុខសាន្ដ ដល់ប្រជាពលរដ្ឋ។
ទោះបីជាសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មានលក្ខណៈស្ងប់ស្ងាត់ពុំមានហេតុការណ៍ អ្វីកើតឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់អស់លោក លោកស្រីមន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបង្កើនការផ្សព្វផ្សាយ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ តាមរយៈការរៀបចំវេទិកាសាធារណៈ។
ដើម្បីអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលឯកឧត្តម អ៊ុត សំអន បានថ្លែងសង្កត់ធ្ងន់លើការងារ៖ ការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថាន, ការងារប្រឆាំងការជួញដូរមនុស្ស, ការងារប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាគិតរួមអនុវត្ត សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនថយចុះជាបន្តបន្ទាប់, ការផ្តល់សេវាសាធារណៈនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការពង្រឹងយន្តការការងារ “គោលនយោបាយភូមិ-ឃុំ-សង្កាត់មាសុវត្ថិភាព” គឺផ្ដោតទៅលើក្រុមការងារលេខាធិការដ្ឋាន គឺបង្កើនប្រសិទ្ធភាពការងារ ដើម្បីផ្ដល់ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ ៕