សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ៥អង្គ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេនចំពោះវត្តធម្មជាតិរុនតាឯកតេជោសែន នូវអង្ករចំនួន ១០០គីឡូក្រាម, មី១០កេសតូច, ត្រីខ ២កេសធំ, សាច់ក្រក/ត្រីងៀត ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, អូរវ៉ាន់ទីន ១កេស, តែ ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ភេសជ្ជៈបាកាស ៥កេស, ទឹកបរិសុទ្ធអរុណា ១០កេស និងបច្ច័យចំនួន ៥លានរៀល។ ប្រគេនចំពោះព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗប្រគេន សាដក១ និងបច្ច័យ ៤សែនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច ៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ២សែនរៀល។ ជូនតាជីយាយជី ១០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល៕