ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាអនុគណៈកម្មការចំណុះ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើដំណើរការរៀបចំពិធីបើក និងពិធីបិទសន្និបាត និង ការសម្របសម្រួលលើចំនួន និងរយៈពេលនៃបទអន្តរាគមន៍នីមួយៗ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ព្រមទាំងការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ និងការត្រៀមនូវបច្ចេកទេសផ្សេងៗសម្រាប់កម្មវិធីសន្និបាត ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការទាំង៥។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្ត និងបានផ្តាំផ្ញើឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ បន្តនូវកិច្ចសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការរៀបចំពិធីសន្និបាតប្រចាំឆ្នាំរបស់ក្រសួង អាចប្រព្រឹត្តទៅបានដោយរលូន ទទួលបានភាពជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕