នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។
មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ដែលជួយដល់ការងារជាច្រើន ដូចជា៖
-ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ
-បញ្ជាក់ការទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ
-ជួយកំណត់ការទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត
-ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ
-កំណត់ភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌
-ជួយសម្រួលក្នុងការកាត់បន្ថយការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក
-ជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យមានការគាំទ្របន្តទៀតពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១៖ បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង
ទី២៖ បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន
ទី៣៖ បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត
ទី៤៖ រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ DNA
ទី៥៖ រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ
ទី៦៖ ត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕