មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ
បរទេស៖ មន្រ្តីប្រេស៊ីលបានស្រាវជ្រាវរកឃើញជនជាតិចិនចំនួន ១៦៣នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដោយពួកគេមានជីវិតរស់នៅក្នុងភាពមិនសមរម្យ និងលំបាកវេទនា ដូចទាសករដាច់ថ្លៃ។ នេះបើតាមការឱ្យដឹងពីការិយាល័យរដ្ឋអាជ្ញាការងារក្នុងតំបន់កាលពីថ្ងៃចន្ទទី២៣ ខែធ្នូ។
ការិយាល័យរដ្ឋអាជ្ញាការងារក្នុងតំបន់ បានអះអាងកាលពីថ្ងៃចន្ទកន្លងទៅថា នៅក្នុងរដ្ឋ Bahia របស់ប្រទេសប្រេស៊ីល កម្មករទាំងនោះត្រូវបានក្រុមហ៊ុនចិនជួលឱ្យធ្វើការ ហើយនាំពួកគេទៅប្រទេសប្រេស៊ីលដោយភាពមិនប្រក្រតី។ អាជ្ញាធរបានបន្ថែមថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការអស់ជាច្រើនម៉ោង រំលោភច្បាប់ការងាររបស់ប្រទេសប្រេស៊ីល ហើយជួនកាលពួកគេធ្វើការរយៈពេលប្រាំពីរថ្ងៃតែម្តងក្នុងមួយសប្តាហ៍ ហើយរស់នៅក្នុងលក្ខខណ្ឌមិនសមរម្យ និងវេទនា រួមជាមួយការរំលោភបំពានកម្លាំងពលកម្មផ្សេងៗទៀត។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន BYD បានអះអាងថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនជួលកម្មករដាច់ថ្លៃនោះហើយ ហើយខ្លួនកំពុងសហការជាមួយអាជ្ញាធរ និងផ្តល់ជំនួយដល់កម្មករ។ យ៉ាងណា អាជ្ញាធរការងារមិនបានបង្ហាញឈ្មោះក្រុមហ៊ុនពាក់ព័ន្ធនឹងការជួលកម្មករនោះទេ។
គួរបញ្ជាក់ថា BYD ជាពាក្យកាត់មកពី Build Your Dreams គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក។ ក្រុមហ៊ុននេះក៏បាននិងកំពុងពង្រីកទីតាំងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន BYD បានប្រកាសថា ខ្លួននឹងវិនិយោគ ៤៨៤,២លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី។