ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ
ភ្នំពេញ៖ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ជាង៧ខែកន្លងមក រាជធានីភ្នំពេញ មានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មកមានកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប ខណៈស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង ចំណែកកែប ប៉ៃលិន និងព្រះវិហារ មានចំនួនតិច។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម កេង សុម៉ារិទ្ធ បានឱ្យដឹងថា ក្នុងរយៈពេល២១២ថ្ងៃ ឬប្រមាណ៧ខែកន្លងមកនេះ ដោយគិតត្រឹមថ្ងៃទី២០ ខែធ្នូ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្មេងទំនើង ដែលត្រូវបានបញ្ជូនទៅសាលាដំបូង និងអយ្យកាសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស មានសរុប៧២០សំណុំរឿង ដោយចាត់ការបាន៧១៥សំណុំរឿង ស្មើនឹង៩៩,៣០ភាគរយ។
ឯកឧត្ដមរដ្ឋលេខាធិការ កេង សុម៉ារិទ្ធ បានបញ្ជាក់ថា សំណុរឿង០,៧ភាគរយដែលមិនទាន់ចាត់ការនោះ គឺជាសំណុំដែលទើបតែចូលថ្មី។ ក្នុងចំណោមនោះ មនុស្សសរុប៣៣០០នាក់ ត្រូវបានឃាត់ខ្លួន។ សម្រាប់ដំណាក់កាលស៊ើបសួរ អយ្យការសាលាដំបូងរាជធានី-ខេត្ត ទទួលបាន៧៩៦សំណុំរឿង និងចាត់ការបាន៥១០សំណុំរឿង ខណៈសំណុំរឿងដែលនៅសេសសល់ ត្រូវបន្តនីតិវិធីស៊ើបសួរ ការស្រាវជ្រាវរកអត្តសញ្ញាណជនដែលពាក់ព័ន្ធ ឬជនសង្ស័យ ក៏ដូចជាភស្តុតាងពាក់ព័ន្ធផ្សេងៗ៕