ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌បញ្ជាក់ថា ចំពោះករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌។ សំណុំរឿងអាទិភាពទាំង៤ របស់ក្រសួងយុត្តិធម៌ រួមមានទី១៖ សំណុំរឿងគ្រឿងញៀន, ទី២៖ ក្មេងទំនើង, ទី៣៖ ចរាចរណ៍ និងទី៤៖ អាត្រានុកូលដ្ឋាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម ជិន ម៉ាលីន បានឱ្យដឹងថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។
ឯកឧត្ដម ជិន ម៉ាលីន បន្តថា ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ។
ចំពោះសំណុំរឿងក្មេងទំនើងត្រូវបានឯកឧត្ដម ជិន ម៉ាលីន អះអាងថា ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ និងជាប្រចាំ បន្ទាប់ពីការដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចទាំងអស់ ស្ថានភាពក្មេងទំនើងត្រូវបានថយចុះ បើប្រៀបធៀបពី ១ខែដំបូង និង ១ខែចុងក្រោយមកដល់ពេលនេះ៕