អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និង ទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
ឯកឧត្តមអភិបាលខេត្ត បានចេញបទបញ្ជាបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តសោភ័ណ្ឌមុន្យារាម (ហៅវតតោះតាង៉ោ) ស្ថិតក្នុងភូមិកោះតាង៉ោទី១ឃុំសួគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នក្រុមក្មេងទំនើងតែងតែ បង្ករឱ្យមានការកាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិវ៉ៃ កាប់ចាក់គ្នា និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តមបន្តថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តកំពង់ចាម ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត និងលុបបំបាត់ឲ្យអស់ចំពោះក្រុមក្មេងទំនើងដោយប្រើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ការនិងទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងឡើយ គឺធ្វើយ៉ាងណាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានអំពាវនាវដល់អាណាព្យាបាល និងឪពុកម្តាយគ្រប់រូបនៅតាមមូលដ្ឋានបង្កើនការតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗឱ្យបានល្អធ្វើយ៉ាងកុំអោយធ្វើសកម្មភាព អ្វីដែលបង្ករជាហិង្សា និងប៉ះពាល់ដល់សង្គមជាតិ ពីព្រោះកិច្ចការទាំងនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីធានា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយបទល្មើសនានា រួមទាំងក្មេងទំនើងនៅតាមមូលដ្ឋាន ៕