មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តាមការស្នេីសុំរបស់គូភាគី លោក សុក ហៃ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មមួយករណី ដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម (អង្ករ) ដោយកន្លងមក គូភាគីធ្លាប់ព្យាយាមស្វែងរកដំណោះស្រាយវិវាទ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មកនៅអំឡុងខែតុលា ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕