បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?
នាពេលថ្មីៗកន្លងទៅនេះ មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសហ្វីលីពីនបានប្រកាសជាសាធារណៈថា បានកំណត់យុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”រួចហើយ ដើម្បីទប់ទល់នឹងប្រតិបតិ្តការរបស់នាវាចិននៅសមុទ្រចិនខាងត្បូង ។ តើ “តំបន់ពណ៌ប្រផេះ”ដែលលោកបានលើកឡើងគឺជាអ្វី ? តើអ្វីដែលហៅថាយុទ្ធសាស្ត្រនេះនឹងបង្កភាពចលាចលដល់សមុទ្រចិនខាងត្បូងយ៉ាងដូចម្ត៉េច ?
អ្វីដែលហៅថាយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ” សំដៅទៅលើចង់ឈានដល់គោលដៅយោធាដោយមិនប្រើប្រាស់មធ្យោបាយយោធា ពោលគឺផ្សារភ្ជាប់នូវអំណាចទន់និងអំណាចរឹង តាមរយៈការបង្កើតច្បាប់កំណត់និងរបៀបវារៈ ដើម្បីសម្រេចបាននូវការទប់ស្កាត់ទៅលើដៃគូប្រជែងដោយប្រើប្រាស់ដើមទុនតិច។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលីពីនមួយគ្រឿងបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen’ai នៃប្រជុំកោះ Nansh ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ប្រភពព័ត៌មានបានឱ្យដឹងថា អ្វីដែលហៅថានាវាស៊ីវិលរបស់ហ្វីលីពីននេះបានផ្ទុកកាំភ្លើងrifle ៨ដើម ។ មិនត្រឹមតែប៉ុណ្ណោះ នៅលំហសមុទ្រក្បែរកោះHuangyanនៃប្រទេសចិន ហ្វីលីពីនបានរៀបចំអ្វីដែលហៅថាអង្គការស៊ីវិលនិងអ្នកចូលចិត្តជិះនាវាធ្វើការជួបជុំដោយខុសច្បាប់ទៀត ប្រការនេះក៏ជាមធ្យោបាយមួយរបស់ហ្វីលីពីនដើម្បីលាក់បង្កប់កម្លាំងយោធា ។
ទីពីរ អ្វីដែលហៅថា “មធ្យោបាយផ្នែកសេដ្ឋកិច្ច” ។ កាលពីខែតុលា ឆ្នាំ២០២៣ បណ្តាញព័ត៌មាន Rappler ដែលជាប្រព័ន្ធសារព័ត៌មានរបស់ហ្វីលីពីនបានចេញផ្សាយដំណឹងថា លោក Jaime J. Bautista រដ្ឋមន្ត្រីក្រសួងគមនាគមន៍នៃប្រទេសហ្វីលីពីនបានបង្ហើបថា ក្រុងម៉ានីលកំពុងស្វែងរកប្រភពសហហិរញ្ញប្បទានផ្សេងទៀតសម្រាប់ផ្លូវដែក Mindanao ផ្លូវដែកSCRP និងផ្លូវដែកខ្សែខាងត្បូង ។ តាមផែនការដំបូង ប្រទេសចិននឹងផ្តល់ជំនួយជាថវិកានិងសាងសង់គម្រោងផ្លូវដែកទាំងនេះ ។ ប៉ុន្តែ រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន ចង់គំរាមកំហែងប្រទេសចិនតាមរយៈការផ្លាស់ប្តូរភាគីម៉ៅការសាងសង់ ។
ទីបី លាក់បាំងបំណងទុច្ចរិតដែលទន្ទ្រានកាន់កាប់តាមរយៈការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេស ។ ក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីនធ្លាប់ធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូង ដោយយកការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេសធ្វើជាលេស ហើយអះអាងថា បានរកឃើញទឹកដីគ្មានម្ចាស់មុនគេ បន្ទាប់មក បានឃោសនាបំប៉ោងជាមួយរដ្ឋាភិបាល ប៉ុនប៉ងសម្រេចបាននូវការទន្រ្ទានកាន់កាប់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក អ្វីដែលហៅថាសមាជិកនៃក្រុមសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេសបានឡើងលើថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹកXianbin មើលទៅហាក់ដូចជាគ្មានការរៀបចំដោយរដ្ឋាភិបាល ប៉ុន្តែតាមពិត ទាំងនេះសុទ្ធតែជាទង្វើផ្លូវការ ។
ទីបួន បំផុសសង្គ្រាមការយល់ដឹងទៅលើប្រទេសចិន ។ ដើម្បីលាបពណ៌ទៅលើប្រទេសចិន ភាគីហ្វីលីពីនបានប្រើប្រាស់គ្រប់មធ្យោបាយ ។ មធ្យោបាយធម្មតាបំផុត គឺផលិតវីដេអូក្លែងក្លាយតាមរយៈការកែប្រែវិធីថតវីដេអូ ឧទាហរណ៍ដូចជា តាមពិតទៅ បុគ្គលិកអនុវត្តច្បាប់របស់ចិនកំពុងយាមការពារ ប៉ុន្តែក្នុងវីដេអូរបស់ហ្វីលីពីន បានប្រែជាកំពុងវាយប្រហារទៅវិញ ។ ខណៈពេលឆ្មាំសមុទ្រចិនប្រកាសវីដេអូថតនៅកន្លែងកើតហេតុដោយទាន់ពេលវេលា ទើបឱ្យអ្នកផងទាំងពួងដឹងការពិតយ៉ាងច្បាស់លាស់ ។
អ្វីដែលត្រូវលើកឡើងនោះ គឺពឹងតែហ្វីលីពីនម្នាក់ឯង មិនអាចសម្រេចបាននូវយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”ទេ វាត្រូវការខ្នងបង្អែកកាន់តែក្រាស់ ពោលគឺអាមេរិក ។
អ្នកវិភាគយល់ឃើញថា អាមេរិកនិងហ្វីលីពីនបានសហការគ្នាអនុវត្តយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”ក្នុងបញ្ហាសមុទ្រចិនខាងត្បូងដែលសំដៅចំពោះប្រទេសចិន ហើយក៏មានការប៉ុនប៉ងជាច្រើន ។ ទីមួយ ប៉ុនប៉ងធានាអះអាងវត្តមានជាបន្តបន្ទាប់របស់កម្លាំងជើងទឹករបស់អាមេរិកក្នុងសមុទ្រចិនខាងត្បូង និងធានាអះអាងអ្វីដែលហៅថា “សេរីភាពនាវាចរណ៍” ។ ទីពីរ គឺប៉ុនប៉ងជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងសម័្ពន្ធមិត្តរវាងអាមេរិកនិងប្រទេសជិតខាងនៅសមុទ្រចិនខាងត្បូង ។ ទីបី តាមរយៈការលូកដៃចូលជម្លោះរវាងចិននិងប្រទេសជិតខាងក្នុងបញ្ហាទឹកដីនិងសមុទ្រ ដើម្បីបង្រ្កាបចន្លោះយុទ្ធសាស្ត្ររបស់ចិន ក៏ដូចជាទប់ស្កាត់និន្នាការអភិវឌ្ឍន៍របស់ចិន ។
ដូចអ្នកផងបានដឹងហើយថា អាមេរិកមិនធ្វើសប្បុរសធម៌នោះទេ ទោះបីជាសម័្ពន្ធមិត្តនិងប្រទេសជាគូដៃជិតស្និទ្ធបំផុតក៏ដោយ ក៏មិនត្រូវបានអាមេរិកផ្តល់ការគាំទ្រទាំងសុទ្ធចិត្តដែរ ។ នៅទីបំផុត តើនរណាមកទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”? ជឿជាក់ថា ភាគីពាក់ព័ន្ធដែលបូករួមទាំងអាមេរិកផងដែរនោះ សុទ្ធតែដឹងច្បាស់រួចហើយ ៕