ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ
ប៉េកាំង៖ ចិនបានយល់ព្រមលើការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ ដែលអាចប៉ះពាល់ដល់ខ្សែទឹករបស់មនុស្សរាប់លាននាក់នៅឥណ្ឌា និងបង់ក្លាដែស។
ទំនប់នេះនឹងត្រូវសាងសង់នៅផ្នែកខាងក្រោមនៃទន្លេយ៉ាលុង ហ្សាងបូ (Yarlung Zangbo) ដោយអាចផលិតអគ្គិសនីបាន៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Power Construction Corp of China ក្នុងឆ្នាំ២០២០។ ទិន្នផលនេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតអគ្គិសនី ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងនៃទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់ធំជាងគេបំផុតរបស់ពិភពលោក នៅកណ្តាលប្រទេសចិន។
សារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅអព្យាក្រិតភាពកាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងការបង្កើតការងារនៅក្នុងតំបន់ទីបេ។ ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងការចំណាយផ្នែកវិស្វកម្ម ក៏ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងការចំណាយលើទំនប់ Three Gorges ដែលមានតម្លៃ២៥៤,២ពាន់លានយ័ន ឬស្មើនឹងប្រមាណ៣៤,៨៣ពាន់លានដុល្លារផងដែរ។ នេះរាប់បញ្ចូលទាំងការតាំងទីលំនៅថ្មីសម្រាប់មនុស្ស១,៤លាននាក់ និងខ្ពស់ជាង៤ដងនៃការប៉ាន់ប្រមាណដំបូងចំនួន៥៧ពាន់លានយ័ន។
អាជ្ញាធរមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ដែលគម្រោងនេះនឹងតម្រូវឱ្យផ្លាស់ទីលំនៅ និងផលប៉ះពាល់របស់វាលើប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលសម្បូរបែបបំផុតនៅលើខ្ពង់រាប។ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងវារីអគ្គិសនីនៅទីបេ មានសក្តានុពលជាងមួយភាគបីនៃវារីអគ្គិសនីរបស់ប្រទេសចិន នឹងមិនមានឥទ្ធិពលខ្លាំងទៅលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនោះទេ។
យ៉ាងណា ឥណ្ឌា និងបង់ក្លាដែស បានលើកឡើងពីក្តីបារម្ភអំពីទំនប់នេះ ដោយគម្រោងនេះអាចជះឥទ្ធិពលមិនត្រឹមតែបរិស្ថានវិទ្យាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់រំហូរនៃទឹកទន្លេផងដែរ។ ទន្លេយ៉ាលុង ហ្សាងបូ ហូរទៅភាគខាងត្បូងចូលទៅក្នុងរដ្ឋ អារុណណាចាល់ ប្រាដេស (Arunachal Pradesh) និងអាសាម (Assam) របស់ឥណ្ឌា ហើយចុងក្រោយចូលទៅក្នុងប្រទេសបង់ក្លាដែស។