សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ
ភ្នំពេញ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ « សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ » ឆ្នាំ ២០២៤ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានសហការ ប្រារព្ធរៀបចំពិធី សំណេះសំណាលអបអរសាទរទិវានេះ នៅក្នុងទីស្នាក់ការ អនុសាខាស្រុកចម្ការលើ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា , លោកប្រធានអនុសាខាស្រុកចម្ការលើ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក រួមជាមួយអ្នកផ្ទុកមេរោគអេដស៍ ៥0នាក់ អ្នកស្ម័គ្រចិត្តឃុំ ភូមិ ២៥នាក់, ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យ ហ៊ុនសែន ចំការលើ ២៥នាក់ , សរុបអ្នកចូលរួមទាំងអស់ចំនួន ១២៥ នាក់។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអានផ្សព្វផ្សាយ នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា ជូនចំពោះបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោក
ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ” សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ ” ដោយក្នុងនោះ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកំពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ទន្ទឹមនឹងការផ្សព្វផ្សាយ សារសំខាន់ៗទាំង ៦ ចំណុចរបស់សម្តេចប្រធាន លោកជំទាវ ប៉ាង ដានី ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា បានកំណត់នូវវិធានការតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការបន្តពង្រឹងការចូលរួមជាមួយរដ្ឋបាលសាធារណ: ដោយផ្តោតការយកចិត្តទុកដាក់លើអាទិភាព ៣ ជាចម្បង គឺ ទី១ ការអប់រំលើកកំពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ពិសេសក្នុងចំណោមយុវវ័យ និងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ។ ទី២ ផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍និងជំងឺអេដស៍ ។ ទី៣ លើកកំពស់ការកាត់បន្ថយដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើងនិងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ។
នៅចុងបញ្ចប់នៃកម្មវិធី សាខា ក៏បានផ្តល់ជូនថវិកា អ្នកផ្ទុកមេរោគអេដស៍ ៥0នាក៎ ក្នុងម្នាក់ៗ ៥០,០០០ រៀល ។ ជាមួយនោះ ក៏បានផ្តល់ជូន អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជន កាកបាទក្រហមកម្ពុជា ចូលរួមទាំង ៥០ នាក់ នូវ ថវិកា មួយចំនួន ផងដែរ ។
បន្តមក លោកជំទាវ និង ក្រុមការងារ បានអញ្ជើញដល់បរិវេណវត្ត ទួលឡូវ ដើម្បី សំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនជនងាយរងគ្រោះចំនួន ៥០ គ្រួសារ មកពី ៨ភូមិ ក្នុងឃុំស្វាយទាប ស្រុកចម្ការលើ ដែលកំពុងជួបលំបាក ខ្វះខាតជីវភាព ។ ក្នុងឱកាសនោះ លោកជំទាវ បានផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ មី ១កេស ត្រិខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ រួមជាមួយថវិកាចំនួន ៥ ម៉ឺនរៀល ផងដែរ ។