អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានមានជំពាក់កម្ចីអនឡាញ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៩៨៨ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្ថិតនៅភូមិស៊ីធរកើត ភូមិព្រៃបាំង និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល ននៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម ៕