មន្រ្តីឧទ្យានុរក្សប្រចាំការ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ ៦ប្រភេទ
ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្ត ខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ៦ប្រភេទ ដែលថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញវត្តមានសត្វព្រៃបង្ហាញតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដោះចេញដោយមានការចូលរួមជាមួយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅចំណុចចុងអូរ ក្នុងដែនជម្រកសត្វព្រៃលំផាត់។ សត្វព្រៃទាំង៦ប្រភេទនោះ រួមមាន៖ សត្វទន្សោង២ក្បាល, សត្វជ្រូកព្រៃ១ក្បាល, សត្វក្ងោក៣ក្បាល, សត្វស្វាក្តាម២០ក្បាល, សត្វកាំប្រម៉ា១ក្បាល, និងសត្វឈ្លូស១ក្បាលផងដែរ។ ក្រសួងបន្ថែមថា ការរកឃើញវត្តមានប្រភេទសត្វព្រៃជិតផុតពូជរស់នៅក្នុងតំបន់ការពារធម្មជាតិបង្ហាញថា តំបន់ការពារធម្មជាតិមានការការពារ និងការអភិរក្សបានល្អ ជាពិសេសប្រព័ន្ធអេកូឡូស៊ីបានផ្តល់ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅរបស់សត្វជីវៈចម្រុះគ្រប់ប្រភេទ។
សូមជម្រាបថា ការថតបានប្រភេទសត្វព្រៃជិតផុតពូជ មិនមែនមានតែនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នោះទេ ជាក់ស្តែងការពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៤ កន្លងមកអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានបង្ហាញរូបភាព៥សន្លឹករបស់សត្វប្រភេទជិតកម្រ និងប្រភេទជិតផុតពូជពីភពផែនដី ដែលថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ក្នុងតំបន់ទេសភាពភ្នំថ្មកំបោររួមមាន៖ ស្វាព្រាម, ពង្រូល, សត្វកែះ, ស្វាក្តាម, និងក្ងោក ៕