លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ
ភ្នំពេញ៖ លោកស្រី គឹម សុគន្ធ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញមុខប្រកាសបដិសេធទាំងស្រុង ចំពោះគណនីហ្វេសប៊ុកឈ្មោះ Somoun Vibol ដែលបានយករូបលោកស្រី ទៅបង្ហោះមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមានការយល់ច្រឡំ មកលើរូបលោកស្រី ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Somoun Vibol បានយករូបលោកស្រី គឹម សុគន្ធ ទៅកាត់តភ្ជាប់ជារូបបុគ្គលផ្សេងៗទៀត និងសរសេរអក្សរពីរូបថា «ជនបោកប្រាស់» ។ ការបង្ហោះនេះធ្វើឲ្យសាធារណៈមានការភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកស្រីផងដែរ ។
ជុំវិញករណីនេះដែរលោកស្រី គឹម សុគន្ធ បានឲ្យគណនីហ្វេសប៊ុកមួយនេះ ធ្វើការលុបរូបលោកស្រីចេញជាបន្ទាន់ បើមិនដូច្នោះទេលោកស្រី នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕