ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យនិងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនប្រចាំឆ្នាំ២០២៤ និងដាក់ចេញនីវទិសដៅអនុវត្តបន្តឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការសមាគមបតីតយុទ្ធជននៅគ្រប់បណ្ដាលថ្នាក់ក្នុងខេត្តកំពង់ធំ ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបម្រើបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អ ។ ហើយនៅក្នុងឆ្នាំកន្លងទៅនេះគណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសម្រេចលទ្ធផលធំៗ ជាច្រើនដូចជា បានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នមានសុវត្ថកិច្ចក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ដោយបានរៀបចំផ្ដល់ជូនគាត់ នូវ ដីចំនួនមួយហិចតានិងផ្ទះមួយខ្នង សម្រាប់អតីតយុទ្ធជនចំនួន ៦៥ គ្រួសារ ដែលគ្មានដីគ្មានផ្ទះឬរស់នៅឬដីសាធារណៈក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលេីកឡេីងនូវចំណុចខ្លាំងមួយចំនួនបន្ថែមទៀត ដែលគណៈកម្មាធិការសមាគមអត៊តយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានមានដូចជាការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបានទាន់ពេលវេលា និងការជួបសំណេះសំណាលសាកសួរសុខទុក្ខឧបត្ថម្ភស្បៀងអាហារគ្រឿងបរិភោគ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា បានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ មានភាពកក់ក្តៅ និងមានការជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៥ របស់គណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយបានគូសរំលេចអំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងរិះរកចំណុចខ្លាំង ចំនុចខ្សោយ និងបទពិសោធន៍មួយចំនួន ដែល គណៈកម្មាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ សម្រេច បាន ដើម្បីដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕