ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅ ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយ មន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ពលរដ្ឋជាសមាជិកភូមិ ១ គ្រូសារ ឈ្មោះ ជឿន សុខហ៊ាង អាយុ ៤៥ឆ្នាំ រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុក ជើងព្រៃ ដែលរងគ្រោះ ដោយសារ អគ្គីភ័យ មូលហេតុឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះឈើ ប្រក់ហ្វីប្រូស៊ីម៉ង់ ជញកជាំងសង្កសីលាយក្តារ ១ខ្នង ទំហំ ៦ម × ៨ម ត្រូវភ្លើងឆេទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង២ និង ២០នាទីរសៀល ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ ។
ឯកឧត្តម ទូច ឆៃ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់ ។
ឯកឧត្តម នាយកសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ: កម្មាធិការសាខា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម ទូច ឆៃ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំអនាម័យសុខភាពអោយបានល្អ ដោយបោះបង់ទម្លាប់មិនល្អមួយចំនួន ដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង ហើយរួមគ្នាពង្រឹងសហគមន៍ អោយមានសមត្ថភាពទ្រាំទ្រ និងបន្សាំបានជាមួយបញ្ហាប្រឈមដែលបង្កដោយការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ១គ្រួសារនេះ រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ – មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ៥ , សាប៊ូ ១០ ដុំ , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។ ដោយឡែក ៖ – ឯកឧត្តម ម៉ា ឈឿន ឧបត្ថម្ភថវិកា ចំនួន ១,០០០,០០០រៀល ។ – អនុសាខាស្រុក ក៏បានឧបត្ថម្ភអង្ករ ៥០ គក្រ រួមទាំងគ្រឿងឧបភោគ បរិភោគ និង ថវិកា ២០០,០០០រៀល ផងដែរ ។