អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃ១០ ខែមករានេះ បានបង្ហាញឲ្យដឹងថា អត្រាអ្នកឈឺ និងខ្លាប់ដោយសារជំងឺគ្រុនឈាន នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការថយចុះច្រើនជាងឆ្នាំ២០២៣ ។
តាមរយៈរបាយការណ៍ស្តីពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ក្រសួងសុខាភិបាលក៏បានអបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤។
របាយការណ៍លទ្ធផលស្តីពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ បានបានបញ្ជាក់ឲ្យដឹងថា «ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន៩៩នាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤វិញ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧នាក់ ពោលគឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%» ។
របាយការណ៍បន្តថា បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះកម្ពុជាបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មើនឹងថយចុះប្រមាណជិត៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។
ក្រសួងគូសបញ្ជាក់ថា ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា នាដើមអាណត្តិទី៧នេះ៕