ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមករាថា កិច្ចប្រជុំមួយកំពុងត្រូវបានបង្កើតឡើងរវាងរូបលោក និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប៉ុន្តែលោកមិនបានផ្តល់ពេលវេលាជាក់ស្តែងសម្រាប់កិច្ចពិភាក្សារវាងបុរសខ្លាំងទាំងពីរនោះទេ។
ការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមាននៅថ្ងៃទី២០ខែមករា បានជំរុញឱ្យមានក្ដីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ចប់ការលុកលុយរបស់រដ្ឋធានីម៉ូស្គូលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែវាក៏បាននាំឱ្យមានការភ័យខ្លាចនៅក្នុងរដ្ឋធានីកៀវថា កិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សអាចមានផលប៉ះពាល់ខ្លាំងសម្រាប់អ៊ុយក្រែន។ លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថាមុនពេលកិច្ចប្រជុំជាមួយអភិបាលរដ្ឋនៅក្នុងទីក្រុង Palm Beach រដ្ឋផ្លរីដាថា៖ «លោកប្រធានាធិបតី ពូទីន ចង់ជួបខ្ញុំ។ គាត់បានអះអាងជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្រ្គាមនេះ»។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមមក សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីប្រជាធិបតេយ្យ ចូ បៃឌិន បានប្តេជ្ញាផ្តល់ជំនួយជាង១៧៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង៦០ ពាន់លានដុល្លារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនប្រាកដទេថាតើជំនួយនឹងបន្តក្នុងល្បឿនដដែលឬយ៉ាងណានោះឡើយ ក្រោមការដឹកនាំរបស់លោក ត្រាំ ដែលបាននិយាយថា គាត់ចង់ធ្វើឱ្យសង្រ្គាមឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោក ពូទីន នឹងស្វាគមន៍ចំពោះការទំនាក់ទំនងរបស់លោក ត្រាំ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសំណើផ្លូវការណាមួយនៅឡើយទេ។ លោក ប៉េស្កូវ បានបន្ថែមថា វាជាការសមស្របក្នុងការរង់ចាំឱ្យលោក ត្រាំ ចូលកាន់តំណែងជាមុនសិន។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោក ត្រាំ មានលទ្ធភាពអាចបញ្ឈប់សង្រ្គាមរយៈពេល៣៤ ខែជាមួយរុស្ស៊ី៕