ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូបទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ដែលធ្វើឡើងនៅថ្ងៃទី២០ ខែមករាខាងមុខ ក្នុងសកម្មភាពដែលមិនធ្លាប់មានពីមុនមក ដែលអាចនឹងឡើងដើម្បីបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាចពិភពលោកទាំង២ នៅពេលចាប់ផ្តើមរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក។
រដ្ឋធានីប៉េកាំងបានប្រាប់ក្រុមអន្តរកាលរបស់លោក ត្រាំ ថាមន្ត្រីកំពូលនឹងចូលរួមជំនួសលោក ស៊ី។ នេះបើយោងតាមមនុស្សដែលស្គាល់ពីកិច្ចពិភាក្សានេះ។ បេសកជនរបស់ចិនក៏នឹងជួបពិភាក្សាជាមួយក្រុមរបស់លោក ត្រាំ ផងដែរ។ លោក ត្រាំ បានអញ្ជើញលោក ស៊ី ចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ដែលជាសញ្ញាមួយបង្ហាញថា លោកមានបំណងបន្តនូវប្រភេទនៃទំនាក់ទំនងកម្រិតខ្ពស់ជាមួយមេដឹកនាំចិនដែលលោកបានធ្វើឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងសេតវិមាន។
មន្ត្រីជាន់ខ្ពស់ដែលលោក ស៊ី អាចបញ្ជូនទៅចូលរួមពិធីរបស់លោក ត្រាំ គឺ លោក ហាន ចេង (Han Zheng) ដែលជាអនុប្រធានាធិបតី។ ជម្រើសមួយទៀតគឺរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ។ មនុស្សម្នាក់ដែលដឹងពីស្ថានភាពនេះ បានទម្លាយថា ទីប្រឹក្សាលោក ត្រាំ មួយចំនួនចង់ឱ្យលោក កៃ ឈី (Cai Qi) សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលមានអំណាចជាងលោក ហាន ឬលោក វ៉ាង ចូលរួម ដោយហេតុថា គាត់ជាបុរសដៃស្តាំរបស់លោក ស៊ី។ មនុស្សម្នាក់ទៀតដែលដឹងពីទស្សនៈនៅក្នុងក្រុមអន្តរកាលរបស់លោក ត្រាំ បាននិយាយថា មានការព្រួយបារម្ភខ្លះថា លោក ត្រាំ នឹងមិនសប្បាយចិត្តទេ ប្រសិនបើបេសកជននៅត្រឹមកម្រិតរបស់លោក វ៉ាង ឬលោក ហាន មកចូលរួម ខណៈលោកបានអញ្ជើញមេដឹកនាំចិនឯណោះ។
សូមជម្រាបជូនថា លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោក និងលោក ស៊ី បានពិភាក្សាគ្នាតាមរយៈអ្នកតំណាង ហើយលោកជឿជាក់ថា មេដឹកនាំទាំងពីរនឹងចុះសម្រុងគ្នានៅក្នុងអាណត្តិទីពីររបស់លោក។ ទោះបីជាយ៉ាងនេះក្តី លោក ត្រាំ បានតែងតាំងអ្នកមានទំនោរប្រឆាំងចិនជាច្រើនរូបកាន់មុខតំណែងសំខាន់ៗនៅក្នុងរដ្ឋបាលថ្មី។ បុរសមាត់ឆៅរូបនេះក៏បាននិយាយផងដែរថា លោកនឹងដាក់ពន្ធបន្ថែម១០ ភាគរយលើទំនិញរបស់ចិន លុះត្រាតែរដ្ឋធានីប៉េកាំងធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការជួញដូរសារធាតុញៀនហ្វេតានីល។ គួរបញ្ជាក់ថា លោក ត្រាំ បានគំរាមយកពន្ធលើសពី៦០ ភាគរយលើទំនិញចិនក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕