នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី
រ៉ូម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni បាននិយាយថា ណាតូ (NATO) ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី។
ការដួលរលំនៃរបបលោក Bashar al-Assad នៅស៉ីរី ជាកន្លែងដែលរុស្ស៉ីមានមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹក បានបង្កើតភាពមិនច្បាស់លាស់លើឥទ្ធិពលរុស្ស៉ី នៅតំបន់មជ្ឈិមបូព៌ា និងមេឌីទែរ៉ាណេ។
លោកស្រី Meloni គូសបញ្ជាក់ថា «យើង ផ្តោត ខ្លាំង លើ ផ្នែក ខាង កើត ដោយ មិន បាន ចាប់អារម្មណ៍ថា គ្រប់ផ្នែក សុទ្ធតែសំខាន់ ជាពិសេស គឺ ភាគ ខាង ត្បូង»។ លោកស្រីបន្ថែមថា «បន្ទាប់ពីការដួលរលំនៃរបប លោក Assad វាសមហេតុផលក្នុងការជឿថា រុស្ស៉ីកំពុងស្វែងរកច្រកចេញ-ចូលសមុទ្រ តាមវិធីផ្សេង ហើយមួយក្នុងចំណោមទាំងនោះអាចជាតំបន់ Cyrenaica»។
Cyrenaica ជាតំបន់មួយនៅភាគខាងកើតលីប៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មេបញ្ជាការកងទ័ពជាតិ LNA លោក Khalifa Haftar ដែលមានចំណងមិត្តភាពជាមួយវិមានក្រឹមឡាំង អស់រយៈពេលច្រើនឆ្នាំមកហើយ។ កាលពីខែមុន វិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយមេដឹកនាំថ្មីស៉ីរី ជុំវិញមូលដ្ឋានទ័ពហើយមិនដកខ្លួនចេញពីទីនោះទេ ប៉ុន្តែអ៉ីតាលីបារម្ភថា រុស្ស៉ីអាចស្វែងរកការពង្រឹងវត្តមាននៅកន្លែងផ្សេងទៀត៕