ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបន្តប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៤ភូមិ ក្នុងឃុំសឹង្ហ និងឃុំសូភី ដែលជាឃុំចុងក្រោយដែលត្រូវវាស់វែងបញ្ចប់។
លោក លៀម សុដា អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៧៧ ៦៨០ ក្បាលដី និងបានចុះ បញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៣០៣ ៧៥៤ ក្បាលដី។ ដោយឡែកស្រុកអូរជ្រៅ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥០ ៥៧៤ ក្បាលដី ហើយបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុរួចចំនួន ១៧ ៥៩៩ ក្បាលដី។ មួយវិញទៀត ក្រុមការងារ បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ស្រុកអូរជ្រៅ នៅសល់ចំនួន ១៤ភូមិ ដែលត្រូវវាស់វែងបញ្ចប់ ក្បាលដីប៉ាន់ស្មានប្រមាណ ចំនួន ១០ ១៨៨ ក្បាលដី។
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានបើកយុទ្ធនាការនៃការចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីពន្លឿនការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រួចរាល់នៅទូទាំងខេត្តឱ្យបានមុនចូលឆ្នាំខ្មែនាពេលខាងមុខ។
លោកបន្តថា ក្រុមការាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក៏បានបញ្ចប់ការវាស់វែងនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ហេីយក៏កំពុងបន្តពន្លឿនការចុះវាស់វែងដីធ្លីនៅក្រុងប៉ោយប៉ែត ឱ្យបានឆាប់រួចរាល់នាពរលដ៏ខ្លីខាងមុខនេះដែរ។
លោកអភិបាលរងខេត្ត ក៏បានធ្វេីការជំរុញទៅដល់ក្រុមការងារធ្វើការចុះវាស់វែងដីធ្លីនៅក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ជាពិសេសឃុំទាំង២ដែលជាឃុំចុងក្រោយ ដែលត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ធ្វើយ៉ាងណាពន្លឿនការវាស់វែងឱ្យបានឆាប់រួចរាល់។
ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រូវបោះបង្គោលកំណត់ព្រំប្រទល់ដីរបស់ខ្លួនរបស់ច្បាស់លាស់ ត្រូវត្រៀមឯកសារចាំបាច់សំខាន់ៗដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងឆាប់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីយកទៅប្រើប្រាស់តាមតម្រូវការ៕