សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ បុរសជនជាតិថៃ ដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ។
ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕