សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមជំនួយការ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ខ្លោងទ្វារវត្ត។
នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះ ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ រួមជាមួយនូវការប្រគេនចំណែកបុណ្យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្នុងនាមជំនួសមុខប្រគេនចំពោះព្រះសង្ឃ ព្រមទាំងថ្នាក់ដឹក មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញកុសលរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕