ឯកឧត្តម ប៉េង ពោធិ៍នា៖ ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកនានារបស់ជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានផ្នែកព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានជួយស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទាំងពីរ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមលេខាធិការដ្ឋាននៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទាំងអស់ ក្នុងស្រុកស្អាង និងស្រុកកោះធំ ព្រមទាំងសមាជិក សមាជិកាពាក់ព័ន្ធ។
ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម បានលើកឡើងអំពីសាររបស់ សម្តេចតេជោប្រធានគណបក្ស ដែលលោកប្រធានគណៈកម្មាធិការគណបក្សស្រុក បានអានបញ្ជាក់អំពីអត្ថន័យ ៧មករា និងប្រវត្តិនៃការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ទឹកភ្នែក និងឈាមដែលក្នុងនោះប្រវត្តិនៃការតស៊ូ និងការលះបង់របស់ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរ ជាគុណសម្បត្តិដែលមិនអាចបំភ្លេចបាន។
ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកនានារបស់ជាតិ ហើយស្មារតីនេះ មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម បើគ្មានជ័យជម្នះ ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ ៕