រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម
បាងកក៖ ក្រុមសកម្មជនសិទ្ធិមនុស្ស បានលើកឡើងថា បុរសជនជាតិអ៊ុយហ្គួរមួយក្រុមដែលត្រូវបានឃុំខ្លួនក្នុងប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំបញ្ជូនពួកគេទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម។
លោក អង្គកាណា នីឡាផាយិត (Angkhana Neelapaijit) អតីតប្រធានគណៈកម្មាធិការសិទ្ធិមនុស្សជាតិបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បំភ្លឺថាតើរាជរដ្ឋាភិបាលមានផែនការបែបនេះឬយ៉ាងណា។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា ខ្លួនបានទទួលលិខិតមួយដែលបុរសជនជាតិអ៊ុយហ្គ័រ ចំនួន៤៣នាក់ដែលត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ Suan Phlu ក្នុងរាជធានីបាងកក បានអំពាវនាវជាសាធារណៈឱ្យបញ្ឈប់ការគំរាមកំហែងនៃការនិរទេស។ ខ្លឹមសារលិខិតនោះរៀបរាប់ថា ពួកយើងអាចត្រូវជាប់គុក ហើយពួកយើងអាចនឹងបាត់បង់ជីវិតផងដែរ។ ពួកយើងសូមអំពាវនាវជាបន្ទាន់ដល់អង្គការអន្តរជាតិ និងប្រទេសដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឱ្យជួយអន្តរាគមន៍ជាបន្ទាន់ដើម្បីសង្គ្រោះពួកយើងពីជោគវាសនាដ៏សោកសៅនេះ មុននឹងយឺតពេល។
មួយទសវត្សរ៍មុន ប្រទេសថៃបានក្លាយជាផ្នែកមួយនៃទិសដៅដ៏ពេញនិយមមួយសម្រាប់ជនជាតិអ៊ុយហ្គួរ ដែលភៀសខ្លួនចេញពីការគាបសង្កត់កាន់តែខ្លាំងនៅក្នុងប្រទេសចិន និងស្វែងរកការទៅដល់ប្រទេសតួកគី ដែលគាំទ្រជនជាតិអ៊ុយហ្គ័រដែលស្វែងរកសិទ្ធិជ្រកកោន។
ភាគច្រើននៃក្រុមជនជាតិអ៊ុយហ្គ័រដែលត្រូវបានឃុំខ្លួននៅរាជធានីបាងកក គឺជាផ្នែកមួយនៃក្រុមជាងប្រហែល ៣៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍នៅជិតព្រំដែនជាមួយម៉ាឡេស៊ីក្នុងខែមីនា២០១៤។ នៅខែកក្កដា ឆ្នាំ២០១៥ ស្ត្រី និងកុមារប្រហែល១៧០នាក់មកពីក្រុមនេះ ត្រូវបានបញ្ជូនទៅប្រទេសតួកគី។ ប្រហែលមួយសប្តាហ៍ក្រោយមក ១០៩នាក់ ដែលភាគច្រើនជាបុរស ត្រូវបាននិរទេសទៅប្រទេសចិន។
ចាប់តាំងពីពេលនោះមក ជនជាតិអ៊ុយហ្គ័រប្រាំនាក់បានស្លាប់ក្នុងការឃុំខ្លួនក្នុងនោះមានកុមារពីរនាក់។ ក្នុងចំណោមអ្នកទាំង ៤៨នាក់ ដែលអាជ្ញាធរថៃនៅតែឃុំខ្លួន មាន៥នាក់ កំពុងជាប់ពន្ធនាគារ បន្ទាប់ពីមានការប៉ុនប៉ងរត់គេចខ្លួនមិនបានសម្រេច។ គេមិនច្បាស់ថាតើពួកគេប្រឈមនឹងជោគវាសនាដូចគ្នានឹងអ្នកដែលស្ថិតក្នុងការឃុំឃាំងអន្តោប្រវេសន៍ឬអត់។
យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការសិទ្ធិមនុស្សជាតិ អាជ្ញាធរថៃមិនមានគម្រោងដោះលែងជនជាតិអ៊ុយហ្គ័រនោះទេ។ ប្រទេសថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិនោះទេ។ នៅក្រោមច្បាប់ថៃ ការឃុំខ្លួនជនជាតិអ៊ុយហ្គ័រត្រូវបានចាត់ថ្នាក់ជាបញ្ហាសន្តិសុខជាតិ។ នេះដាក់ឱ្យពួកគេស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជាជាងអាជ្ញាធរអន្តោប្រវេសន៍។ វាក៏រារាំងពួកគេពីការចូលប្រើយន្តការពិនិត្យជាតិរបស់ប្រទេស ដែលត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនរស់នៅក្នុងប្រទេស និងទទួលបានសេវាសាធារណៈ។ យ៉ាងណា ប៉ូលិសអន្តោប្រវេសន៍បាននិយាយថា ពួកគេបានព្យាយាមមើលថែអ្នកជាប់ឃុំឱ្យអស់ពីសមត្ថភាព។