សមត្ថកិច្ច អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រី ចំនួន២ក្រុម ដែលមានទំនាស់ពាក្យសម្តីគ្នានៅហាងផឹកស៊ី
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទីទាបភ្លឺ មានករណីទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក រវាងមក្មេងៗប្រុសស្រី ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០៥នាក់ នៅចំណុចហាងផឹកស៊ីយីហោ ២៥២ ផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដោយមិនធ្វើការប្តឹងផ្តល់គ្នា។
ដោយឃើញថាករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕