អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន រាយការណ៍នូវរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសករណីក្មេងទំនើង និងគ្រឿងញៀនជាដើម។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីចែកម៉ាស៊ីនកិនស្រូវខ្នាតតូចចំនួន ៤២គ្រឿង រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលជាអំណោយរបស់លោក ជីង ឡុង និងភរិយា អាជីវករផ្សារសិរីសោភ័ណ ក្នុងឱកាសខួបគម្រប់អាពាហ៍ពិពាហ៍៩ ឆ្នាំរបស់លោក ចែកជូនដល់ប្រជាពលរដ្ឋមានជីវិភាពខ្វះខាតចំនួន ៤២គ្រួសារ ក្នុងសង្កាត់ទាំង៧ ទូទាំងក្រុងសិរីសោភ័ណ ប្រារព្ធធ្វើឡើងនៅសួនតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក ជី ង ឡុង ក៏បានសម្ដែងការសប្បាយរីករាយនៅពេលដែលបានចូលរួមកិច្ចការងារសង្គម តាមរយៈការផ្តល់ជូនម៉ាស៊ីនកិនស្រូវខ្នាតតូចចំនួន ៤២គ្រឿង ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សម្រាប់យកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងឱកាសខួបគម្រប់អាពាហ៍ពិពាហ៍៩ ឆ្នាំរបស់ លោក។ លោក ក៏បានបញ្ជាក់ថា នៅឆ្នាំបន្ទាប់ លោក និងក្រុមគ្រួសារ និងខិតខំរៀបចំកម្មវិធីមនុស្សធម៌ចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបន្តទៀតផង។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់លោក ជីង ឡុង និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមកិច្ចការងារសង្គមមនុស្សធម៌ចែកជូននូវសម្ភារៈជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត។
ឯកឧត្តម ក៏បានធ្វើការ ជំរុញណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបាននូវម៉ាស៊ីនកិនស្រូវខ្នាតតូច ត្រូវជួយចេះជួយចែករំលែកដល់បងប្អូនពលរដ្ឋជិតខាង ប្រើប្រាស់ផងដែរ៕