ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុករបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមការងារលេខាធិការដ្ឋានទទួលបន្ទុករបាយការណ៍ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥។
ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថាបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់អនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងពង្រឹងសមត្ថភាពរបស់ស្ថាប័ន ដើម្បីបន្ដអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដេីម្បីចូលរួមសម្រេចឱ្យបានជោគជ័យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំអនុវត្តនូវចក្ខុវិស័យ “កសាងតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” តាមរយៈយុទ្ធសាស្ដ្រចំនួន៥ គឺ៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣.ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
បន្ថែមពីនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដូចខាងក្រោម៖
ទី១៖ បន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយនូវផែនការយុទ្ធសាស្ដ្រ និងសមិទ្ធផលនានារបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ។
ទី២៖ ថ្នាក់ដឹកនាំ ដែលចុះតាមដាន ពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការ ការងារនៅតាមមន្ទីរនីមួយៗត្រូវបន្តយកចិត្តទុកដាក់ពិនិត្យនៅតម្រង់ទិសលើភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធានាប្រសិទភាពការងារ និងសុខដុមនីយកម្ម។
ទី៣៖ រាល់ពេលចុះទៅដឹកនាំប្រជុំ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារប្រចាំត្រីមាសនីមួយៗ សូមយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ជាពិសេសការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះ នៅតាមខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍភូមិគំរូនេះទទួលបានលទ្ធផលល្អ។
ទី៤៖ ពិនិត្យលើលទ្ធភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងព្យាយាមជួយឱ្យមន្ទីរលើកកម្ពស់កិច្ចសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងកៀរគរអង្គការមិនមែនរដ្ឋាភិបាលឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ជនបទនៅតាមខេត្តនីមួយៗឱ្យបានច្រើន និងសកម្មបន្ថែមទៀត។
ទី៥៖ ជំរុញមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យយកចិត្តទុកដាក់ និងសហការលើការអនុវត្តគម្រោងនានាឱ្យមាន គុណភាព និងប្រសិទ្ធភាពខ្ពស់។
ទី៦៖ បន្តចុះត្រួតពិនិត្យ និងជំរុញការងារមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យសម្រេចបានតាមផែនការប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ទី៧៖ ថ្នាក់ដឹកនាំ ចុះតាមមន្ទីរទាំងអស់ត្រូវរៀបចំរបាយការណ៍ប្រជុំ តាមដាន និង វាយតម្លៃការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងធ្វើ ការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ និងលើកជាមតិយោបល់ដើម្បីធ្វើការគាំទ្រចំនុចខ្លាំង និងកែលម្អចំណុចខ្សោយ ព្រមទាំងរួមគ្នាខិតខំលើកម្ពស់សមត្ថភាពមន្ត្រីរាជការនៅតាមមន្ទីរឱ្យបានល្អ ជាបន្តបន្ទាប់ និងទៅអនាគត ៕