វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សៅ ព្រឿន, លោក ងន សុខជា និងលោក ហួរ សុវឌ្ឍនា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីមួយករណីដោយជោគជ័យ របស់ប្រជាពលរដ្ឋរស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សំណុំរឿងនេះ ពាក់ព័ន្ធនឹងដីស្រែមួយកន្លែងមានទំហំប្រមាណ ៣ ហិកតា ស្ថិតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បន្ទាប់ពីភាគីវិវាទម្ខាងបានស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្រែខាងលើ ហើយភាគីម្ខាងទៀតបានចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្រែនោះរួចរាល់។ កន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនោះ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕