ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន
ភ្នំពេញ៖ ឯកឧត្ដម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ករណីអ្នកបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
ឯកឧត្ដម សេង ឌីណា បានឱ្យដឹងថា “ពាក់ព័ន្ធទៅនឹងសំណុំរឿងចរាចរណ៍ មិនមែនមានន័យថាសងសំណងហើយរួចខ្លួនទេ សងសំណងក៏នៅតែសងសំណង ទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌក៏នៅតែទទួលខុសត្រូវ ហើយករណីដែលនិយាយថា បុកគេស្លាប់ បង់លុយហើយរួចខ្លួនហ្នឹង គឺមិនមានទៀតទេ មិនឲ្យមានទៀតទេ!”។
ឯកឧត្ដម សេង ឌីណា បន្តថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេលមួយឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស ហើយទន្ទឹមនឹងនេះ អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់បណ្តាលឲ្យអ្នកដទៃស្លាប់ គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដោយតឹងរ៉ឹងនិងម៉ឺងម៉ាត់ផងដែរ៕