ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មីជំនួសលោក សួស សុភ័ក្រ្ត ដែលត្រូវទទួលភារកិច្ចថ្មីជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង។
ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការតាមបណ្ដាមន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញអំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរព័ត៌មានថ្មីត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ។
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានដែលទើបប្រកាសចូលកាន់មុខតំណែង បានប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ, ប្តេជ្ញារួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ខិតខំគោរព និងអនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋបាលខេត្ត , ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិតស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាម ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងពង្រីកសាមគ្គីភាព សហប្រតិបត្តិការ ឯកភាពផ្ទៃក្នុងរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបងឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម, ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ បែបបទនីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិកសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ, ប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តបាត់ដំបង ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទីមន្ទីរព័ត៌មានឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្តបាត់ដំបង៕