សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ
ភ្នំពេញ៖ នៅក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។
សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំសូមជូនដំណឹងទៅដល់សមាជិកព្រឹទ្ធសភារបស់យើង តាមការគិត និងការប្រជុំគណៈអចិន្រ្តៃយ៍ ប៉ុន្មានថ្ងៃមុននេះ គឺនៅក្នុងអាណិត្តនេះ យើងអាចមានសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលកំពុងតែ ពិភាក្សារវាងអគ្គលេខាធិការព្រឹទ្ធសភា និងអគ្គលេខាធិការរដ្ឋសភា ដើម្បីឈានទៅដល់ការរៀបចំសមាជរវាងព្រឹទ្ធសភា និងរដ្ឋសភាដូចរដ្ឋធម្មនុញ្ញបានចែង ហើយដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាជ ហើយយើងនឹងជ្រើសរើស ប្រធានបទ ទាក់ទងជាមួយនឹងការពិភាក្សាដែលត្រូវធ្វើក្នុងពេលសមាជនោះ»។
សម្តេចតេជោ លើកឡើងថា នេះគឺជាការរួមចំណែក របស់អង្គនិតិបញ្ញត្តិទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។ យោងតាមច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រង់មាត្រា២ បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់៕