ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង នៅសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។
សូមជម្រាបថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ព្រមទាំងឯកឧត្តមអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តពាក់ព័ន្ធនានា និងក្រុមទីប្រឹក្សាជាតិ និងអន្តរជាតិជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ប្រធានបទសំខាន់នៃអង្គសិក្ខាសាលាគឺផ្តោតលើការរៀបចំនីតិវិធី និងបែបបទឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅអនុវត្តនូវបណ្តាអនុគម្រោងនានាក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ និងទី៥ នាពេលដ៏ខ្លីខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា បណ្តាអនុគម្រោងទាំងនេះមានសក្តានុពលជួយកាត់បន្ថយជាអតិបរមាលើជំនន់គ្រប់ប្រភេទ ព្រមទាំងជួយដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលកើតមានឡើងដោយសារភាពរាំងស្ងួតនៅតាមភូមិសាស្រ្តក្នុងបណ្តាខេត្តនៃតំបន់ប៉ូលសេដ្ឋកិច្ចខាងលើ។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងក៏បានចាត់វិធានការដ៏រឹងមាំក្នុងការធ្វើទំនើបកម្មលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ដើម្បីឱ្យការគ្រប់គ្រងវិស័យធនធានទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ប្រព្រឹត្តទៅដោយសុក្រឹតភាព ច្បាស់លាស់ និងល្អប្រសើរ សម្រាប់បម្រើឱ្យគ្រប់វិស័យ ប្រកបដោយឯករាជ្យភាព និរន្តរភាព និងឧត្តមភាព៕