IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព
វ៉ាស៊ីនតោន៖ អ្នកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិ IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព ហើយអតិផរណាបន្តធ្លាក់ចុះនៅពេលដែលមូលនិធិនេះចេញផ្សាយរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
អ្នកស្រី Georgieva ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរយទ័រខណៈថ្លែងថា សេដ្ឋកិច្ចអាមេរិកកំពុងដំណើរការ «ប្រសើរជាង» ការរំពឹងទុក ទោះបីជាមានភាពមិនច្បាស់លាស់ខ្លាំងជុំវិញគោលនយោបាយពាណិជ្ជកម្មនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលនឹងបង្កើតបញ្ហាថែមទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក និងជំរុញឱ្យមានកំណើនអត្រាការប្រាក់រយៈពេលវែង។
អ្នកស្រីបាននិយាយថា ជាមួយនឹងអតិផរណាកំពុងដើរឆ្ពោះទៅជិតគោលដៅរបស់ធនាគារកណ្តាលអាមេរិក និងទិន្នន័យដែលបង្ហាញពីទីផ្សារការងារប្រកបដោយស្ថិរភាព ធនាគារកណ្តាលអាចមានលទ្ធភាពរង់ចាំមើលទិន្នន័យបន្ថែមទៀតមុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។
អ្នកស្រីបានបន្ថែមទៀតថា ជារួម អត្រាការប្រាក់ត្រូវបានគេរំពឹងថានឹងនៅ «មានកម្រិតខ្ពស់បន្តិចក្នុងពេលមួយរយៈ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕