ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
កំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងបេសកកម្ម ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបានស្នាដៃលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោស្នងការ ថ្លែងសង្កត់ធ្ងន់លើការងារ៖ ១.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានា ថែរក្សាបាន សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ, ២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, ៣.ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយច្បាប់ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមវេទិកាសាធារណៈ ។
ជាថ្មីម្ដងទៀត លោកស្នងការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក ៖
-ពង្រឹងរបៀបបបកិច្ចប្រជុំ
-គោរព អនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ
-ពង្រឹងរបៀបរបបការងារជំនាញ ត្រួតពិនិត្យ តួនាទី ភារកិច្ច និងបទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូន
-ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ សាកសមជាមន្ត្រីនគរបាលជាតិ
-ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការកម្លាំង អោយបានត្រឹមត្រូវក្នុងការឈប់សម្រាក និងតាមកាលកំណត់
-ត្រូវចេះថែទាំសុខភាព និងអនាម័យអោយបានត្រឹមត្រូវ
-សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការងារសង្គម សប្បុរសធម៌ ជួយគ្នាទៅវិញទៅមក នាគ្រាជួបទុក្ខលំបាក
-ចូលរួមជ្រុំជ្រែងកសាង អភិវឌ្ឍន៍អង្គភាព រីកចម្រើនបន្ថែមទៀត
-ថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានគង់វង្ស បន្សល់ជាកេរ្តិ៍ដំណែល ដល់មន្ត្រីបន្តវេន៕