តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីផ្សព្វផ្សាយអប់រំស្ដីពី ការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងការធ្វើតេស្តដោយស្ម័គ្រចិត្ត ជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន គ្រប់បណ្ដាកងឯកភាព និង ការិយាល័យ ផ្នែក ចំណុះទីបញ្ជាការ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោក យាន សុធារ៉េត ប្រធានអង្គការរ៉ាក់ ប្រចាំខេត្តកំពង់ឆ្នាំង លោក អ៊ង តារា ប្រធានកម្មវិធីអេដស៍ ប្រចាំខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ទោ សូ សារឿន នាយផ្នែកសុខាភិបាល ព្រមទាំង នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជាច្រើនរូបផងដែរ។
លោក មេបញ្ជាការរង ក្នុងនាមតំណាង ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយអប់រំនាពេលនេះ ធ្វើឡើងស្របតាមគោលការណ៍ និង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង បង្ការជំងឺអេដស៍ ស្វាយ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងធានាសុខុមាលភាពជូន ប្រជាពលរដ្ឋទូទៅ ក៏ដូចជានាយ-ពលទាហាន ទូទាំងអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យើងដែរ។
តំណាង អង្គការរ៉ាក់ ប្រចាំខេត្តកំពង់ឆ្នាំង បានឡើងបកស្រាយ ពន្យល់ណែនាំអំពី មូលហេតុនៃការឆ្លងមេរោគ ហានិភ័យ និង វិធីសាស្ត្របង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និង ជំងឺស្វាយ ជូនដល់ នាយ-ពលទាហាន ទាំងអស់ ឲ្យបានជ្រួតជ្រាប និង ចេះបង្ការខ្លួនពីជំងឺទាំងនេះ នាពេលមុខ។
នៅក្នុងពិធីផ្សព្វផ្សាយ អប់រំ នាឱកាសនេះ ក៏មានការធ្វើតេស្ត រកមេរោគអេដស៍ ស្វាយ ជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ដែលបានអញ្ជើញចូលរួម ផងដែរ៕