អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក
ភ្នំពេញ៖ ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដំណើរការតបណ្ដាញអគ្គិសនី សម្រាប់ពួកគាត់បានប្រើប្រាស់ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅលើភូមិថ្មី ដែលអតីតយុទ្ធជនបានប្រសិទ្ធនាម មរតកតេជោថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ បានរស់នៅលើផ្ទះថ្មី និងដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ដោយបងប្អូនបានមកចាប់ឆ្នោតទទួលបានផ្ទះថ្មីនិងដីសម្បទានសង្គមកិច្ចនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ហើយមិនទាន់មានបណ្ដាញអគ្គិសនីប្រើប្រាស់នៅឡើយ ទើបតែថ្ងៃនេះបានទទួលការរៀបចំតបបណ្ដាញអគ្គិសនីចូលភូមិជូនបងប្អូន សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
លោកអនុសេនិយឯក ឈឹម គឹម សឿន តំណាង ឲ្យ អតីត យុទ្ធ ជន ចំនួន ១៤១ គ្រួសារ បានថ្លែងនូវការគោរពអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ផ្ទះថ្មីនិងដីសម្បទានជូនពួកគាត់ ហើយថ្ងៃនេះឯកឧត្តម កែវ រតនៈ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានចាត់តាំងក្រុមបច្ចេកទេសមកតបណ្ដាញភ្លើងជូនបងប្អូនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលបងប្អូនត្រូវការចាំបាច់បំផុត និងបានសូមគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី និងលោកជំទាវ ដែលបានគិតគូរគ្រប់បែបយ៉ាង ដោះស្រាយនិងផ្ដល់ភាពកក់ក្តៅជូនដល់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម អស់លោកលោកស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាត៕