សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី
យ៉េរ៉េវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៤ ខែមករា បានចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី ដែលកំពុងព្យាយាមដកខ្លួន ឃ្លាតឆ្ងាយពីសម្ព័ន្ធមិត្តយូរមកហើយរបស់ខ្លួនគឺរុស្ស៉ី ក្រោយទទួលរងការបាត់បង់យ៉ាង អាម៉ាស ក្រោមដៃអាស៊ែបៃហ្សង់។
ក្នុងពិធីចុះហត្ថលេខាជាមួយ ប្រមុខការទូតអាមេនី រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយអាមេនី ក្នុងផ្នែកសន្តិសុខនិងការពារជាតិ ហើយជាពិសេសនោះ គឺដើម្បីគាំទ្រកិច្ចប្រឹងប្រែង របស់អាមេនី ក្នុងការការពារឯករាជ្យនិងអធិបតេយ្យ នៃទឹកដីរបស់ខ្លួន។ ពួកយើងកំពុងក្លាយជា ដៃគូកាន់តែរឹងមាំឡើង ហើយខ្ញុំគិតថា វាគឺជារឿងដ៏ប្រសើរសម្រាប់ប្រទេសយើងទាំងពីរ ហើយក៏ជារឿងល្អមួយសម្រាប់តំបន់ និងលើសពីនេះទៀតផងដែរ»។
គួរបញ្ជាក់ថា អាមេនីជាផ្លូវការ គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី តាមរយៈអង្គការសន្តិសុខ CSTO ដែលដឹកនាំដោយទីក្រុងមូស្គូ។ ក៏ប៉ុន្តែ ទីក្រុងយ៉េរ៉េវ៉ាន់ បានសម្រេចផ្អាកការចូលរួមរបស់ខ្លួន ជុំវិញអ្វីដែលខ្លួនហៅថា ភាពបរាជ័យរបស់រុស្ស៉ី ដែលជាប់ដៃក្នុងសង្រ្គាមនៅអ៊ុយក្រែន មិនអាចផ្តល់ការជួយគាំទ្រគ្រប់គ្រាន់ដល់អាមេនី ប្រឆាំងនឹងអាស៊ែបៃហ្សង់។ កងទ័ពអាស៊ែបៃហ្សង់ បានដណ្តើម កាន់កាប់តំបន់ Karabakh ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនជនជាតិអាមេនី អស់រយៈពេលប្រមាណជា៣ទសវត្សរ៍ ក្នុងប្រតិបត្តិការលឿនដូច ផ្លែកបន្ទោរមួយ កាលពីឆ្នាំ២០២៣ ជាហេតុបង្ខំឱ្យជនជាតិដើមអាមេនីច្រើនជាង ១០០ ០០០នាក់ ត្រូវរត់ភៀសខ្លួន៕