គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម
ឡាហាវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ប្រទេសគុយបា បានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ចាប់ផ្តើមដកប្រទេសនេះ ចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម។
សេតវិមានបាននិយាយថា ក្នុងសកម្មភាពផ្លូវការចុងក្រោយមួយរបស់លោក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រេចចាប់ផ្តើមដកគុយបា ចេញពីបញ្ជីនៃប្រទេសគាំទ្រភេរវកម្ម មុនពេលដែល ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង នៅ ថ្ងៃចន្ទសប្តាហ៍ខាងមុខនេះ។
គុយបា បានបង្ហាញការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់វ៉ាស៉ីនតោន ដោយចាត់ទុកវាថា គឺជាការបោះជំហានមួយក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែបានត្អួញត្អែរថា ខ្លួននៅតែបន្តស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក នៅឡើយ ដែលត្រូវបានដាក់ចាប់តាំងពីឆ្នាំ១៩៦២មក។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក បៃដិន ទំនងជានឹងត្រូវប្រែក្រឡាស់វិញ ដោយលោក ត្រាំ ដែលបានកត់ឈ្មោះគុយបា ចូលបញ្ជីរដ្ឋគាំទ្រភេរវកម្ម ឡើងវិញ អំឡុងប៉ុន្មានថ្ងៃចុងក្រោយ នៃអាណត្តិកាន់អំណាចលើកដំបូងរបស់លោក កាលពីឆ្នាំ២០២១។ អំឡុងអាណត្តិទី១ ចាប់ពីឆ្នាំ២០១៧ ដល់២០២១ រដ្ឋបាលលោក ត្រាំ ក៏បានរឹតបន្តឹងទណ្ឌកម្មប្រឆាំងគុយបាផងដែរ ក្រោយវាត្រូវ បានបន្ធូរបន្ថយ ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា៕