រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន និងសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការខេត្តប៉ៃលិន។
ឯកឧត្តម ជា សុមេធី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន និងបានធ្វើពិធីប្រកាសចូលកាន់មុខតំណែង ជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន។ ការទទួលភារកិច្ចថ្មី នេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិង កំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបាយការណ៍របស់លោក អ៊ុត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបាន រយៈពេលកន្លងមក។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ក៏ដូចជា មន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធី ជាតិជំនួយសង្គមក្នុងកញ្ចប់គ្រសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។
ជាមួយគ្នានេះដែរឯកឧត្តម ជា សុមេធី សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ខេត្តប៉ៃលិន ដែលមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវបណ្ឌិតអភិបាលខេត្តនៅទីនេះស្រាប់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តប៉ៃលិនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ផ្តល់ កិច្ចសហការ សម្របសម្រួល និងកិច្ចអន្តរាគមន៍នានា ក្នុងការអនុវត្តកម្មវិធីការងារដែលបានដាក់ចេញប្រកបដោយ ការទទួលខុសត្រូវ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះ កំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ នៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៣ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ បាន កំណត់យក“ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន” ដើម្បីបន្ត អភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមមួយដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាបន្ន។
ឯកឧត្តម ជា សុមេធី បន្តថា តាមរយៈកម្មវិធីគោលនយោបាយនេះ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល ការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ច គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និងផ្តល់ការណែនាំដល់គ្រប់ តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្នដែលបច្ចុប្បន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាននិងកំពុងអនុវត្ត។ លើសពីនេះទៀត ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ ១៥ចំណុច ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នក្រសួងកំពុងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍នេះ ជាមួយអគ្គនាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទ។ ទន្ទឹមនឹងនេះក្រសួង បាននិងកំពុងរៀបចំការពិនិត្យ ឡើងវិញ ការវិភាគមុខងារ និងកែសម្រួលរចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់ របស់ខ្លួន កាន់តែឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការ គ្រប់គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច។
ទោះយ៉ាងណាឯកឧត្តម ជា សុមេធី បានលើកឡើងថា នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យយើងទាំងអស់គ្នា បន្តកិច្ចខិតខំ ប្រឹងប្រែង និងរួមគ្នាដោះស្រាយដើម្បីឆ្លើយតបព្រមគ្នា និងទាន់ពេលវេលា។
ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី សូមផ្តាំផ្ញើ និងណែនាំកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ចំពោះប្រធានអនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិ ជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាព គ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាប្រធាន សាខា ឬថ្នាក់ដឹកនាំអង្គភាព ត្រូវដឹងសុខទុក្ខការលំបាករបស់មន្ត្រីក្រោមឱវាទ និងចេះសម្របសម្រួលដោះស្រាយ ការលំបាកទាំងក្នុងកន្លែងធ្វើការ ក៏ដូចការលំបាកផ្ទាល់ខ្លួនរបស់មន្ត្រី ត្រូវចេះប្រមូលកម្លាំងដឹកនាំតាមរយៈការ ផ្តល់តម្លៃដល់មន្ត្រីគ្រប់រូប និងចេះប្រើចំណុចខ្លាំងរបស់មន្ត្រីដើម្បីឱ្យពួកគេអាចចូលរួមជួយអង្គភាពបាន។
២. ចំពោះមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាពក្រោម ឱវាទ ត្រូវសហការគ្នា បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត។ ទោះបីថាមន្ទីរ ស.អ.យ មិនទទួលបន្ទុកផ្ទាល់លើការងារសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការក៏ដោយ ក៏លោក ប្រធានមន្ទីរ ត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការសម្រាប់ក្រសួង ក្នុងការតាមដានការអនុវត្ត កិច្ចការនេះ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ត្រូវយក ចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់រៀបចំការងារគ្រប់គ្រងបុគ្គលិក ពេលម៉ោងបំពេញការងារ របៀបរបបធ្វើការងារ ក៏ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អង្គភាព និងពង្រឹងកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
៣. មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ត្រូវជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ព័ន្ធ ចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យ បានឆាប់រហ័ស
៤. មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់ជាធរមាន ក៏ដូចជាត្រូវខិតខំផ្សព្វផ្សាយ និងជំរុញឱ្យជនមានពិការភាពនៅមូលដ្ឋាន ទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បី ទទួលបានឱកាសការងារកាន់តែប្រសើរ
៥. ក្រោមកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើ ជួញដូរមនុស្ស តាមរយៈជំរុញការផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការជឿ តាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់
៦. មន្ទីរ ស.អ.យ ដោយមានការសហការល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមាន ដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។ គួរពង្រឹងអនុគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់របស់ខេត្ត ដែលមានអភិបាលខេត្តជាប្រធានកិត្តិយស។
៧.សូមសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះនិងងាយរងគ្រោះផ្សេងៗទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បី សង្គមកម្ពុជាទាំងមូល៕